វេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅឃុំសំបួរ ស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នៅព្រឹក ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ កុលបុត្រ រដរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅស្ថិតក្នុងសាលាឃុំសំបួរ ស្រុករមាសហែក ខេត្ត ស្វាយរៀង ដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល ខេត្តស្វាយរៀង និងលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច មានប្រសាសន៍ថា: នេះដោយសារតែការគ្រប់គ្រង ដោយសារតែភាពឈ្លាសវៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើងក្នុងអាណត្តិទី៧នេះ ដែលជាកត្តាធ្វើឱ្យមានសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងពេញលេញ ទើបធ្វើឱ្យមានវត្តមានរបស់បងប្អូនទាំងអស់គ្នាបានអង្គុយជួបជុំគ្នានៅកន្លែងតែមួយ ពិភាក្សារឿងទុក្ខកង្វល់ បញ្ហាផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាទូទៅក្នុងឃុំសំបួរ ស្រុករមាសហែក។
ឯកឧត្តម ចាន់ កុលបុត្រ បានបើកអោយមានការ លើកឡើងសំណូមពរ ទុក្ខលំបាកពីបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីនោះ នឹងដោះស្រាយជូនរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ។
រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជា មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ សម្រាប់វេទិកាសាធារណៈនៅឃុំសំបួរ ថ្ងៃនេះទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ៧៦សំណូមណរ៕
ដោយ:ភក្ដី






















No comments:
Post a Comment